ក្រសួងសុខាភិបាល សំណូមដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ជំងឺរលាកសួត

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
48 Views
ក្រសួងសុខាភិបាល សំណូមដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសំណូមពរយ៉ាងទទួចដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់ជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី បន្ទាប់ពីជំងឺមួយនេះចាប់ផ្តើមឆ្លងរីករាលដាលពីប្រទេសចិន ចូលដល់ប្រទេសនានាមួយចំនួនទៀតលើពិភពលោក បើទោះបីជាជំងឺនេះមិនទាន់រកឃើញមាននៅកម្ពុជាក៏ដោយ។

ការអំពាវនាវរបស់ក្រសួងសុខាភិបាល បានធ្វើឡើងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្នីសីទសារព័ត៌មានលើប្រធានបទ ស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នាទប់ស្កាត់ ការកើតឡើងនៃជំងឺរលាកសួត ប្រភេទណូវ៉ែលកូរ៉ូណានេះ។ ជាពិសេសទៀតសុំឲ្យមានការយោគយល់ មានការរៀបចំដាក់ស្របទៅ តាមនីតិវិធីប្រតិបត្តិ មានការណែនាំពីអង្គការសុខភាពពិភពលោក»។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ប្រសិនបើមានករណីសង្ស័យណាមួយកើតឡើង អង្គការសុខភាពពិភពលោក គេនឹងចូលរួមជាមួយកម្ពុជាយើង ពីព្រោះអង្គការសុខភាពពិភពលោក ជាអង្គការមួយដែលជួយប្រទេសជាបណ្តាសមាជិក លើបញ្ហាសុខភាព។ នៅពេលណាដែលមានការសង្ស័យ អង្គការនេះនឹងជួយកម្ពុជាយើងក្នុងការពិនិត្យ និងវាយតម្លៃ ឲ្យបានត្រឹមត្រូវ ពីការកំណត់មុខសញ្ញាជំងឺនេះ។

លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ក្រសួងបានដាក់ភ្នាក់ងារឆ្លើយតបបន្ទាប់រហូតដល់ជាង ២ពាន់នាក់ទូទាំងប្រទេស ដើម្បីធ្វើការលើបញ្ហាសុខភាពប្រជាពលរដ្ឋ កុំឲ្យឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះផងដែរ។ ក្រសួងសុខាភិបាល ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរទៅកាន់ប្រទេសចិន ជាពិសេសទីកន្លែងដែលជាដើមកំណើត នៃការរកឃើញជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរចិនបានអះអាងថា ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៥៧១នាក់ហើយ ខណៈមនុស្សស្លាប់គឺ ១៧នាក់។ សម្រាប់ជើងហោះហើរ និងខ្សែរថភ្លើងចាកចេញពីទីក្រុង វូហាន (Wuhan) ដែលជាទីកន្លែងរកឃើញវីរុសកូរ៉ូណា ត្រូវផ្អាកទាំងអស់។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ក៏បានចូលរួមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសព ដែលបានស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី ទាំង១៧នាក់នោះផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន។

ចាប់កំណើតនៅទីក្រុងវូហាន, ជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី កំពុងតែរីករាលដាលទៅដល់ទីក្រុងប៉េកាំង, ចុងឈីង (Chongqing), សៀងហៃ, ម៉ាកាវ តៃវ៉ាន់ និងហុងកុងផងដែរ។ គិតមកដល់ពេលនេះ ថៃគឺជាប្រទេសដំបូងគេនៅអាស៉ី ដែលមានវីរុសប្រភេទនេះ ដោយក្រសួងសុខាភិបាលថៃអះអាងថា ស្រ្តីអាយុ៧៣ឆ្នាំម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Pathom គឺជាជនជាតិថៃដំបូងគេបំផុត បានឆ្លងជំងឺរលាកសួតនេះ។

ក្រុមមេដឹកនាំពិភពលោក រួមមានប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បានបង្ហាញការគាំទ្រចំពោះប្រទេសចិន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរ៉ុសផ្លូវដង្ហើមថ្មី។ លោក Macron បានឲ្យដឹងថា បារាំងមានឆន្ទៈក្នុងការធ្វើការជាមួយចិន នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសុខភាព ដើម្បីការពារសន្តិសុខសុខភាពសកល។

ដោយឡែក លោកស្រីអធិកាបតីអាល្លឺម៉ង់ បានកោតសរសើរចំពោះការឆ្លើយតបរបស់ចិន នៅក្នុងការការពារការរីករាលដាលនៃវីរ៉ុស។ លោកស្រីបានលើកឡើងថា អាល្លឺម៉ង់ មានឆន្ទៈក្នុងការផ្តល់ជំនួយដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសផ្លូវដង្ហើមថ្មីនេះ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.