ទីបំផុត ! ទណ្ឌិត សម រង្ស៉ី មិនហ៊ានភ្នាល់ តាមការបបួលរបស់ លោក ហ៊ុន ម៉ាណែត

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
93 Views
ទីបំផុត ! ទណ្ឌិត សម រង្ស៉ី មិនហ៊ានភ្នាល់ តាមការបបួលរបស់ លោក ហ៊ុន ម៉ាណែត នោះឡើយ ក្រោយចោទថា សញ្ញាបត្រយោធាពី West Point ក្លែងក្លាយ


(ភ្នំពេញ)៖ ទីបំផុត ! ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ ក្រោយពីចោទថា សញ្ញាបត្រយោធាពី សាកលវិទ្យាល័យ West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ។

លោក សម រង្ស៉ី បានបដិសេធការភ្នាល់នេះ តាមរយៈបណ្តាញសង្គម Facebook របស់លោក កាលពីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ ដោយសរសេរយ៉ាងដូច្នេះថា៖ «ចំណេះដឹង និងជំនាញពិតប្រាកដ ត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្តែង និងស្មារតីទទួលខុសត្រូវ មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នា ដូចកូនក្មេងទេ»។

ចំពោះការភ្នាល់នេះ លោក ហ៊ុន ម៉ាណែត បានដាក់លក្ខខណ្ឌ២ចំណុច គឺថា បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

សូមបញ្ជាក់ថា លោក ហ៊ុន ​ម៉ាណែត បានប្រកាសជាសាធារណៈដោយបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point​​ របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ លោក ហ៊ុន ម៉ាណែត ប្រកាសភ្នាល់ដោយដាក់លក្ខខណ្ឌថា នឹងលាលែងតួនាទីទាំងអស់ ក្នុងកងកម្លាំងប្រដាប់អាវុធ ហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត ចំណែកលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

លោក ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។

កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។

ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួសាររបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។

ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។

ចំពោះលោក សម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជា សាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures ...។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិច ដើម្បីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក៖

១៖ បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រ ប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ៖ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។




* រាយការណ៍ព័ត៌មានដោយកញ្ញា ឆេង សូរិយា, ទូរទស្សន៍ Fresh News )

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.