(ប្រសាសន៍ដើម)៖ នាយករដ្ឋមន្ត្រីកម្ពុជា មានសុទិដ្ឋិនិយមថា ភ្ញៀវចិននឹងសម្រុកមកលេងស្រុកខ្មែរ​

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
78 Views
នាយករដ្ឋមន្ត្រីកម្ពុជា មានសុទិដ្ឋិនិយមថា ភ្ញៀវចិននឹងសម្រុកមកលេងស្រុកខ្មែរ​ ក្រោយបញ្ចប់វិបត្តិជំងឺ Covid-19 (Video inside)

(បន្ទាយមានជ័យ)៖ ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជា មានការធ្លាក់ចុះដល់ទៅ ៩០% ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ភ្ញៀវទេសចរចិនដែលមកលេងនៅកម្ពុជានឹងកើនឡើងវិញ ក្រោយបញ្ចប់វិបត្តិដែលបណ្តាលមកពីជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19។

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

សម្ដេចតេជោបានលើកឡើងថា ដោយសារដែលវិបត្តិនៃការរីករាលដាលនូវជំងឺ Covid-19 បានធ្វើប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ពិសេសគឺការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរចិននៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។

ផលប៉ះពាល់ខាងលើនេះ ក៏ដោយសារទេសចរចិនដែលចេញទៅទស្សនកិច្ចនៅក្រៅប្រទេសមានចំនួនដល់ទៅជាង ១០០លាននាក់ ជាហេតុនាំឱ្យសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប រមណីយដ្ឋានទេសចរណ៍ ដែលធ្លាប់ទទួលភ្ញៀវទេសចរចិនត្រូវជួបបញ្ហាប្រឈមពីការខ្វះភ្ញៀវ ជាក់ស្ដែងនៅកម្ពុជា ក៏មានការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិនដល់ទៅ ៩០% ផងដែរ។

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការរំពឹងទុកថា ភ្ញៀវទេសចរចិនដែលមកលេងនៅកម្ពុជានឹងមានការកើនឡើងវិញ ក្រោយបញ្ចប់វិបត្តិដែលបណ្តាលមកពីជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 នេះ។

សម្ដេចបានថ្លែងយ៉ាដូច្នេះថា «មិត្តចិននឹងហក់ឡើងវិញនៅពេលក្រោយ ព្រោះចិនត្រូវបានគេរើសអើងនៅប្រទេសដទៃ ប៉ុន្តែមិនត្រូវបានរើសអើងនៅកម្ពុជានោះទេ ដូច្នេះបន្ទាប់ពីសេដ្ឋកិច្ចចិន និងស្ថិរភាពនៃបញ្ហាជំងឺ Covid-19 នេះរួចហើយ ទេសចរចិននឹងតម្រង់មកកម្ពុជា»។

សម្ដេចបានបន្តថា ទាំងអស់នេះជាចំណុចដែលគេត្រូវឃើញអំពីចំណងទាក់ទងរវាងកម្ពុជា-ចិន ហើយការសម្រេចចិត្តមិនបិទជើងហោះហើរ មិនជម្លៀសនិស្សិត និងពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសចិនឱ្យត្រលប់មកមាតុភូមិវិញ ក៏ជាការបញ្ជាក់អំពីការរួមសុខរួមទុក្ខជាមួយគ្នាផងដែរ ដូចសុភាសិតមួយលើកឡើងថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា ពលរដ្ឋកម្ពុជាមិនទាន់មានអ្នកណាម្នាក់ឆ្លងជំងឺ Covid-19 នោះទេ ក្រៅពីជនជាតិចិនម្នាក់ដែលត្រូវបានព្យាបាលជាសះស្បើយរួចហើយនោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាជាប្រទេស និងជាមិត្តដែលមិនរើសអើងចំពោះប្រជាជនចិន ហើយគ្មានការឆ្លងជំងឺ Covid-19 ប៉ុន្តែប្រទេសមួយចំនួនដែលមានចរិតរើសអើងចំពោះចិន បែរជាឆ្លងជំងឺ Covid-19 នេះទៅវិញ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.