លោក​ កើត រិទ្ធ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវធ្វើឡើងតាមច្បាប់ និងចៀសវាងស្ថានភាពត្រី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
67 Views
លោក​ កើត រិទ្ធ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវធ្វើឡើងតាមច្បាប់ និងចៀសវាងស្ថានភាពត្រីងៀតឆ្លៀតពង (Video inside)

(ភ្នំពេញ)៖ លោក​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានថ្លែងថា ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត បានដាក់ចេញនូវអភិក្រមចំនួន២ គឺមន្ត្រី និងតួអង្គពាក់ព័ន្ធត្រូវធ្វើការ «ឲ្យស្របតាមច្បាប់» និងចៀសវាងឲ្យបាននូវស្ថានភាព «ត្រីងៀតឆ្លៀតពង»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ បានឲ្យដឹងថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់ សុច្ចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួន២ គឺ៖

* អភិក្រមទី១៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវអនុវត្តន៍ដោយផ្អែកលើមូលដ្ឋានច្បាប់ ជាពិសេសចំណាត់ការដោះស្រាយសំណុំរឿងត្រូវមានភាពម៉ឺងម៉ាត់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ បន្ថែមលើច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ក្រសួងយុត្តិធម៌ បានដាក់ចេញសេចក្តីណែនាំផ្លូវច្បាប់ ដើម្បីធានាដល់ការអនុវត្តអភិក្រមនេះផងដែរ។

* អភិក្រមទី២៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុច្ចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឲ្យមានជាដាច់ខាតនូវស្ថានភាព ត្រីងៀតឆ្លៀតពង នៅក្នុងយុទ្ធនាការនេះ។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានចំណុចចុងក្រោយមួយ ដែលចង់ជម្រាបជូនសាធារណជនថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួនពីរ គឺអភិក្រមទី១ ការដោះស្រាយរឿងក្តីកកស្ទះទាំងអស់ត្រូវធ្វើតាមច្បាប់ ត្រឹមត្រូវឲ្យបានម៉ឺងម៉ាត់តាមច្បាប់ទាំងអស់។ មិនមែនមានការដាក់យុទ្ធនាការទៅ ដោះស្រាយមិនតាមច្បាប់ មិនមានភាពយុត្តិធម៌ទេ»។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា «អភិក្រមទី២ យុទ្ធនាការនេះដាក់ចេញ ក្រុមការងារទាំង៤ និងសាលាដំបូងរាជធានី-ខេត្ត ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍ដ៏ធំមួយ ដើម្បីចៀសវាងឲ្យបាននូវស្ថានភាព ត្រីងៀតឆ្លៀតពង។ មានន័យថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុច្ចរិត ស្មោះត្រង់ និងមិនពុករលួយ»។

លោក កើត រិទ្ធ បានសង្កត់ធ្ងន់ៗថា ផ្អែកលើអភិក្រមទាំងពីរនេះ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមអនុវត្តន៍យុទ្ធនាការ បានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ នឹងត្រូវបានកត់ត្រាជាគុណសម្បត្តិការងារ ប៉ុន្តែផ្ទុយមកវិញ ចៅក្រម​ ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង នឹងត្រូវកត់ត្រាទុកជាកំហុស ដែលនឹងត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ និងទាំងផ្នែកផ្លូវច្បាប់។

បើតាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អភិក្រមទាំង២ខាងលើនេះ អាចភ្ជាប់នឹងពាក្យ៤ម៉ាត់ របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានថ្លែងក្នុងជំនួបជាមួយលោក កាលពីពេលថ្មីៗនផងដែរ។ លោករំលឹកសម្តីរបស់លោក ឱម យ៉ិនទៀង យ៉ាងដូច្នេះថា លឿន ត្រឹមត្រូវ និងយុត្តិធម៌ គឺជាកាតព្វកិច្ចរបស់ក្រសួងយុត្តិធម៌ ឯការប្រឆាំងអំពើពុករលួយ គឺជាកាតព្វកិច្ច របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយកាតព្វកិច្ចជាបងប្អូនទាំងពីរនេះ ត្រូវការចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ទល់ពួកឱកាសនិយម ដែលឆ្លៀតរកផលប្រយោជន៍ពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ។

សូមជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។

ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលបានធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសដាក់ចេញយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលបំណងពន្លឿនការរកយុត្តិធម៌ឲ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ យុទ្ធនាការនេះ ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ។

ដើម្បីភាពជោគជ័យលើយុទ្ធនាការនេះ លោកបានណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍ចំនួន៣រួមមាន៖ គោលការណ៍នៅក្នុងដំណាក់កាលអយ្យការ, គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ និងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.