អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការរិះគន់ របស់លោកស្រី រ៉ូណា ស្មីត គឺមិនយល់ពីច្បាប់របស់កម្ពុជា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
37 Views
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការរិះគន់ របស់លោកស្រី រ៉ូណា ស្មីត គឺមិនយល់ពីច្បាប់របស់កម្ពុជា (Video inside)

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកការរិះគន់ របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» គឺជាការរិះគន់ ដោយមិនទាន់យល់ពីច្បាប់របស់កម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ជិន ម៉ាលីន អញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ការរិះគន់របស់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ (លោកស្រី រ៉ូណា ស្មីត) ខ្ញុំឃើញការលើកឡើងរបស់គាត់ហើយ ប៉ុន្ដែអ្វីដែលការលើកឡើងទាំងអស់នេះ គឺវាមិនស្របទៅនឹងខ្លឹមសារ និងគោលបំណង ច្បាប់របស់យើងនោះទេ បានន័យថា អាចគាត់មិនយល់ច្បាស់ពីខ្លឹមសារពិតប្រាកដ នៃច្បាប់របស់យើង ក៏ដូចជាគោលបំណង នៃការរៀបចំច្បាប់របស់យើង»។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ទៀតថា ការរិះគន់របស់លោកស្រី រ៉ូណា ស្មីត អាចកើតចេញពីការព្រួយបារម្ភជ្រុល ដោយយល់មិនច្បាស់លាស់ពីខ្លឹមសារ នៃច្បាប់របស់កម្ពុជា ឬក៏លោកស្រីអាចយល់ខុស ពីខ្លឹមសារកម្ពុជា។ លោកថា ប្រទេសកម្ពុជា មានមូលដ្ឋានរបស់គ្រប់គ្រាន់ណាស់ ក្នុងការរៀបចំច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នេះ ដោយផ្អែកទៅលើច្បាប់សិទ្ធិមនុស្សជាតិ និងអន្ដរជាតិ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា មូលដ្ឋានបទពិសោធន៍របស់អន្ដរជាតិ ដែលជាអនុវត្ដនៅបណ្ដាប្រទេសដទៃ ជុំវិញពិភពលោក ដែលមានជាង៧០ ប្រទេសនោះ, ប្រទេសកម្ពុជា មិនមែនជាករណីដោយឡែកនោះទេ ហើយការរៀបចំច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន សម្រាប់កម្ពុជា គឺមានការរៀបចំចាំបាច់ អនុលោមបញ្ញាត្ដិច្បាប់សិទ្ធិមនុស្សជាតិ និងអន្ដរជាតិ។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ការរិះគន់របស់គាត់ (លោកស្រី រ៉ូណា ស្មីត) គឺហាក់ដូចគាត់មិនទាន់យល់ ពីខ្លឹមសារពិតប្រាកដ នៃច្បាប់ គាត់អាចយល់ដែល ក៏ប៉ុន្ដែយល់ខុស ពីខ្លឹមសារពិតប្រាកដនៃច្បាប់ និងពីគោលបំណង»។

ទន្ទឹមគ្នានោះ លោកក៏បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្ដិធម៌ រីករាយនឹងជួបជាមួយលោកស្រី រ៉ូណា ស្មីត នៅពេលណាមួយ នៅពេលដែល គាត់មកទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការជជែកគ្នា ឲ្យបានក្បោះក្បាយ និងច្បាស់លាស់ពីចេតនា និងគោលបំណងពិតប្រាកដនៃច្បាប់ និងខ្លឹមសារនៃច្បាប់ ដើម្បីបញ្ជាក់ថា ការរៀបចំច្បាប់នេះ គឺមិនមែនចំណុចណាមួយ ដែលរំលោភបំពានសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋនោះទេ។

គូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសមួយ ប្រតិកម្មយ៉ាងខ្លាំង ចំពោះការរិះគន់ របស់ការិយាល័យ នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើការច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី ឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្ញើលិខិតលេខ OL KHM 1/2020 ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ជូនលោកឧបនាយករដ្ឋម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងលិខិតនោះ ក្រុមការងារនីតិវិធីពិសេស របស់ការិយាល័យ នៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។

នៅក្នុងលិខិតឆ្លើយតប ចំពោះការរិះគន់នេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការ អន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ បានបំភ្លឺ១១ចំណុច ជូនឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយក្នុងនោះ កម្ពុជាបានចាត់ទុកថា នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មានភាពធ្ងន់ធ្ងរ ការអះអាងថា «ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន» ថាជាការរំលោភសិទ្ធិមនុស្ស គឺជាការអះអាងដែលមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលម្អៀង។

ជាមួយគ្នានេះ កម្ពុជាក៏បានពន្យល់ដែរថា បន្ទាប់ពីមានការគម្រាមកំហែងដ៏គួរឲ្យភ័យខ្លាច និងហានិភ័យដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺកូរ៉ូណា (កូវីដ១៩) ប្រទេសជាច្រើនបានបង្ខំចិត្តក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយក្នុងនោះមានប្រទេសចំនួន៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេស ឲ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.