អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមានថា រលកនៃការចម្លង COVID-19 ថ្មី អាចនឹងកើតមានជាថ្មី បើពលរដ្ឋ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
41 Views
អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមានថា រលកនៃការចម្លង COVID-19 ថ្មី អាចនឹងកើតមានជាថ្មី បើពលរដ្ឋខ្វះការប្រុងប្រយ័ត្ន (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជា ម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។ ទោះ បីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះថ្នាក់នោះទេ ស្ថានភាពនៅផុយស្រួយនៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។

ការព្រមានបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រី រួមជាមួយលោក ម៉ម ប៊នហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពរបស់កម្ពុជា មានភាពផុយស្រួយណាស់ ថ្វីតត្បិតតែយើងបានសង្កេតឃើញហើយថា ក្នុងរយៈពេល ៧ ឬ ៨ថ្ងៃកន្លងមកនេះ ធ្វើតេស្តអត់ឃើញមានករណីឆ្លងថ្មី ហើយទន្ទឹមនឹងនោះករណីព្យាបាលជាក៏កាន់តែកើនឡើង ហើយអ្នកជំងឺដែលនៅសេសសល់ពីការព្យាបាល គឺថយៗទៅៗ នេះមិនទាន់បញ្ជាក់ថា កម្ពុជាបានរួចចាកផុតពីការវាយលុកនៃ COVID-19 នោះទេ មានន័យថា ស្ថានភាពរបស់កម្ពុជា គឺស្ថិតនៅផុយស្រួយនៅឡើយ ល្គឹកណាតែនៅលើពិភពលោកនៅតែមានការរាតត្បាតដ៏សន្ធឹកសន្ធាប់នេះ ដែលមានករណីឆ្លងយ៉ាងច្រើន រហូតមានបណ្តាប្រទេសមួយចំនួនធំបន្តឆ្លងកាន់តែច្រើនឡើងៗ។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានក៏បានលើកឡើងពីប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន ដែលកាលពីមុនចំនួនអ្នកឆ្លង មានចំនួនតិចតួចបំផុត ក៏ប៉ុន្តែ រកពេលតែប៉ុន្មានថ្ងៃនេះ មានអ្នកប្រជាពលរដ្ឋ បានឆ្លងវីរុស COVID-19 នេះ កើនឡើងរហូតដល់ ១១១ករណីទៅហើយ ដូច្នេះ ការរាតត្បាតនៃវីរុស COVID-19 នេះ គឺមានភាពលឿនយ៉ាងខ្លាំផង។

អ្នកនាំក្រសួងសុខាភិបាល បានព្រមានយ៉ាងដូច្នេះថា៖ «អញ្ចឹងខ្ញុំសូមជម្រាបថា នៅពេលខាងមុខនេះ យើងមិនត្រូវធ្វើប្រហែសនោះទេ អញ្ចឹងយើងនឹងអាច ប្រសិនបើបុគ្គលគ្រប់រូប ភ្លេចខ្លួនហើយគាត់បែរទៅជាគិតថា យើងអស់មានបញ្ហា COVID-19 ហើយ ហើយវិធានការណ៍ នៃការការពារខ្លួនរបស់យើងនេះ យើងមិនបានបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទេនោះ អញ្ចឹងការរាតត្បាត ឬការវាយលុកនៃវីរុស COVID-19 នឹងអាចកើតមានឡើង [...] ដូច្នេះ ស្ថិតនៅក្នុងដំណាក់កាលផុយស្រួយនេះ យើងអត់ចង់ឃើញ យើងអត់ចង់ឱ្យកើតមាន នូវការចម្លងចូលទៅក្នុងសហគមយើងនោះទេ បច្ចុប្បន្ននេះ យើងកំពុងតែស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហម»។

លោកស្រីបានបន្ថែមទៀតថា៖ «ដូច្នេះ សូមបុគ្គលគ្រប់រូបត្រូវបន្តអនុវត្តន៍វិធានការការពារខ្លួន ឱ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺបទបញ្ជាដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នជានិច្ច ហើយបើនរណាម្នាក់មានការធ្វេសប្រហែស ករណីឆ្លងវីរុស COVID-19 នឹងអាចកើតមានបន្តទៀត»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំឱ្យទិញថ្នាំមិនត្រឹមត្រូវ ដើម្បីព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯងឱ្យសោះ។ ការប្រើប្រាស់ថ្នាំ គឺចាំបាច់ណាស់ ប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈរបស់កម្ពុជា និយាយរួម គឺនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់កម្ពុជា ដែលមានការកំណត់យ៉ាងជាក់លាក់ពីក្រសួងសុខាភិបាល ក្នុងការទទួលបន្ទុកព្យាបាល ពិនិត្យអ្នកជំងឺ COVID-19 ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ កុំទៅទិញថ្នាំលេបផ្តេចផ្តាស ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនជាដើម។

គួរជម្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ១០៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.